
ខេត្តតាកែវ – នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យភ្នែកតាកែវបានរៀបចំប្រារព្ធទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក»។

កម្មវិធីនេះមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានលោកស្រី ឡុង បូណារ៉េត អភិបាលរងគណៈអភិបាលខេត្តតាកែវ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងអ្នកដឹកនាំផ្សេងៗទៀត។ កម្មវិធីនេះមានអ្នកជំងឺចូលរួមជាង ៦០០ នាក់។

លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ បានអោយដឹងថា រៀងរាល់ឆ្នាំ មន្ទីរពេទ្យភ្នែកខេត្តតាកែវបានរៀបចំប្រារព្ធទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពភ្នែក។

«ជាមោទនភាពណាស់សម្រាប់មន្ទីរពេទ្យភ្នែកខេត្តតាកែវយើងនេះ បានទទួលអ្នកជំងឺភ្នែកមកព្យាបាលគ្រប់ទិសទី» លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់។

លោកបានអំពាវនាវដល់បងប្អូនដែលមានអាការៈឈឺភ្នែក សូមមកដល់មន្ទីរពេទ្យភ្នែកខេត្តតាកែវផ្ទាល់ ដើម្បីអោយពេទ្យជំនាញពិនិត្យនិងព្យាបាលជាក់ស្ដែង។

មន្ទីរពេទ្យភ្នែកខេត្តតាកែវស្ថិតនៅភូមិផ្សារតាកោរ ឃុំរការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំងាយ ៣០០ម៉ែត្រខាងត្បូងស្តុបអូរចំបក់។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 016 504 299 / 098 50 42 99 / 071 450 42 99 / 071 550 42 99 / 032 931 324 / 097 450 42 99។

