ប្រេងឡើងថ្លៃខ្លាំង! អ្នកជំនាញស្នើរដ្ឋលើកលែងពន្ធយានយន្តអគ្គិសនី

ប្រេងឡើងថ្លៃខ្លាំង! អ្នកជំនាញស្នើរដ្ឋលើកលែងពន្ធយានយន្តអគ្គិសនី

វិបត្តិប្រេងសកលដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈបាន និងកំពុងឡើងថ្លៃជាបន្តបន្ទាប់ និងបង្កជាការភ័យខ្លាចដល់ប្រជាជន។

ប្រេងឡើងថ្លៃ

ជាក់ស្តែងសាំងធម្មតាបន្តហក់ឡើងដល់៥២០០រៀល ខណៈម៉ាស៊ូតថ្លៃ៦០៥០រៀល ក្នុង១លីត្រ នៅស្រុកខ្មែរយើង ដែលតម្លៃថ្មីដែលស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជភិបាល ពីថ្ងៃទី១១-១៣ ខែមីនា។

ស្ថានីយប្រេង

នៅតាមប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាផងនោះឃើញមានមនុស្សខ្លះបានសម្រុកទៅទិញប្រេងស្តុកទុកដែលបង្កឱ្យមានការស្ទះផ្គត់ផ្គង់ និងគ្រោះថ្នាក់សន្តិសុខអគ្គិភ័យ។ រដ្ឋាភិបាលនានាកំពុងចាត់វិធានការសន្សំសំចៃ និងគ្រប់គ្រងស្តុកបម្រុងផងដែរ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអំពាវនាវឱ្យមានវិធានអនុវត្តជាក់លាក់ក្នុងស្ថានភាពកង្វះប្រេងឥន្ធនៈ ខណៈប្រេងឥន្ធនៈបន្តឡើងថ្លៃឥតឈប់ឈរ។

អ្នកជំនាញស្នើដំណោះស្រាយ

នៅថ្ងៃទី១១ ខែមីនានេះ លោក បណ្ឌិត យង់ពៅ អគ្គលេខាធិការរាជ្យបណ្ឌិតសភាកម្ពុជា បានបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយលើកឡើងថា៖ «សង្គ្រាមនៅមជ្ឈិមបូព៌ា នាំទៅដល់វិបត្តិសកលច្រើនយ៉ាងលើវិបត្តិរ៉ាំរ៉ៃស្រាប់ដូចជា៖ ការប្រែប្រួលសណ្ដាប់ធ្នាប់សកល និងវិបត្តិសេដ្ឋកិច្ចសកលអាចធ្លាក់ដុនដាបដួលដល់ដី។

វិបត្តិសកល

រីឯកម្ពុជាយើងក៏មិនអាចគេចផុតពីវិបត្តិសកលនេះដែរបន្ថែមលើវិបត្តិកើកចេញពីថៃឈ្លានពាន។ អ្វីដែលយើងប្រឈមខ្លាំងបន្ថែមនេះ គឺបរិមាណស្តុកប្រេងឥន្ធនៈដែលជាប្រភពថាមពលសេដ្ឋកិច្ចសង្គម និងជាគន្លឹះស្ថិរភាពជាតិ»។

ការណ៍នេះលោកទទូចឱ្យរដ្ឋ និងពលរដ្ឋចូលរួមអនុវត្តនូវវិធានមួយចំនួន ដើម្បីទប់ស្កាត់កង្វះប្រេងក្នុងយន្តការខ្សែច្រវាក់ផលិតកម្ម៖ ដោយប្រើប្រាស់ដោយសន្សំសំចៃបំផុត។

ការសន្សំប្រេង

បន្ថែមពីនេះលោកក៏ស្នើឱ្យបញ្ឈប់ការឆ្លៀតកេងចំណេញលើវិបត្តិដ៏ធំនេះពីសំណាក់ឈ្មួញ ហើយសមត្ថកិច្ចត្រូវត្រួតពិនិត្យច្បាស់លាស់ ដើម្បីបង្ការបញ្ហាទាំងនេះ។ ជាយោបល់របស់លោកដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយសំខាន់ៗក្នុងការកាត់បន្ថយ ឬសន្សំសំចៃប្រេងឥន្ធនៈក្នុងគ្រានេះ គឺពលរដ្ឋគួរជ្រើសរើសការធ្វើដំណើររួមគ្នា និងធ្វើតារាងចែកវេនបំពេញការងារនៅផ្ទះ។

រីឯរដ្ឋគួរ បន្ថែមរថយន្តក្រុងរថយន្ត ក្នុងទីប្រជុំជន និងបន្ថែមគោលដៅរត់។ លើសពីនេះ លោកបណ្ឌិត យង់ ពៅ ក៏បានស្នើដល់រដ្ឋថា «គួរកាត់បន្ថយ ឬលើកលែងពន្ធនាំចូលយានយន្តអគ្គិសនីជាដើម»។

យានយន្តអគ្គិសនី

លោកសង្កត់ធ្ងន់ថា សម្រាប់ប្រេងឥន្ធនៈបម្រុងសម្រាប់ប្រតិបត្តិការយោធាដាច់ខាតត្រូវធានាសុវត្ថិភាព ឱ្យខាងតែបាន។

គួរបញ្ជាក់ផងដែរថា តារាថ្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាដោយតម្លៃដែលត្រូវដាក់លក់រាយក្នុង ១លីត្រប្រេងសាំងធម្មតា៥២០០រៀល និងប្រេងម៉ាស៊ូត៦០៥០រៀលសម្រាប់រយៈពេល៣ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១១ ដល់១៣ មីនា៕

ដោយ៖ អ៊ួក ចាន់ធីតា

administrator

Related Articles