ថៃអំពាវនាវឲ្យគោរពធម្មនុញ្ញ UN ក្រោយកប៉ាល់ខ្លួនត្រូវអ៊ីរ៉ង់បាញ់ប្រហារនៅច្រកសមុទ្រ Hormuz

ថៃអំពាវនាវឲ្យគោរពធម្មនុញ្ញ UN ក្រោយកប៉ាល់ខ្លួនត្រូវអ៊ីរ៉ង់បាញ់ប្រហារនៅច្រកសមុទ្រ Hormuz

ក្រោយកប៉ាល់ដឹកទំនិញរបស់ខ្លួនត្រូវអ៊ីរ៉ង់បាញ់ប្រហារនៅក្បែរច្រកសមុទ្រ Hormuz ពេលនេះប្រទេសថៃ បានអំពាវនាវឲ្យភាគីជម្លោះក្នុងសង្គ្រាមមជ្ឈិមបូព៌ា គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។

កប៉ាល់ដឹកទំនិញថៃដែលរងការវាយប្រហារ

កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE បានរងការវាយប្រហារ កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន ខណៈ២០នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។

ទាក់ទិនការវាយប្រហារនេះ បើតាមការឲ្យដឹងពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC), ខ្លួនបានប្រាប់កប៉ាល់នោះហើយថាកុំឲ្យឆ្លងកាត់ ប៉ុន្តែពួកគេមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើបសម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ។

កប៉ាល់ដឹកទំនិញថៃដែលរងការវាយប្រហារ

យ៉ាងណា ឥឡូវ បើតាមការផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះនេះ ត្រូវគោរពតាមធម្មនុញ្ញ UN។ ក្រសួងប្រកាសថា៖ «ក្នុងអំឡុងពេលដ៏លំបាកបែបនេះ ការគោរពចំពោះធម្មនុញ្ញ UN និងគោលការណ៍នៃច្បាប់អន្តរជាតិ រួមទាំងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងនោះ គឺជាកិច្ចការដែលមានសារៈសំខាន់បំផុត»។

ប្រទេសថៃ សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យប្រើប្រាស់ការអត់ធ្មត់ឲ្យបានជាអតិបរមា បញ្ឈប់ភាពតានតឹងជាបន្ទាន់ និងវិលត្រឡប់មករកកិច្ចចរចា ផ្លូវការទូត និងកិច្ចពិភាក្សាគ្នាវិញ ដើម្បីការពារកុំឲ្យស្ថានភាពនេះកាន់តែរីកធំឡើង និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក។

កប៉ាល់ដឹកទំនិញថៃដែលរងការវាយប្រហារ

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសថៃ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ មកជួបពិភាក្សា អំពីការវាយប្រហារនេះ ហើយនឹងគិតគូរជំហានបន្ទាប់ទៀត ដែលនឹងត្រូវធ្វើ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles