ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានចេញមុខបន្ទោសអ៊ីរ៉ង់យ៉ាងខ្លាំងក្លា បន្ទាប់ពីកប៉ាល់ដឹកទំនិញថៃត្រូវបានវាយប្រហារនៅច្រកសមុទ្រហរមុហ្ស។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦ លោកអានុទីនបានអះអាងយ៉ាងច្បាស់ថា៖ «ការវាយប្រហារនេះគឺមិនសមស្របទាល់តែសោះ»។ លោកបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះក្រុមនាវិកដែលរងគ្រោះ។
កប៉ាល់ដឹកទំនិញថៃឈ្មោះ MAYUREE NAREE ត្រូវបានវាយប្រហារកាលពីថ្ងៃពុធទី១១ ខែមីនា ខណៈពេលធ្វើដំណើរចេញពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ ឧប្បត្តិហេតុនេះបណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន ខណៈ២០នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសទៅកាន់ប្រទេសអូម៉ង់។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា ពួកគេបានព្រមានកប៉ាល់នេះហើយថាកុំឲ្យឆ្លងកាត់ ប៉ុន្តែក្រុមនាវិកមិនស្តាប់ ទើបធ្វើការវាយប្រហារតែម្តង។
លោកអានុទីនបានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងពិនិត្យកាលៈទេសៈទាំងអស់ជាមុនសិន មុននឹងវាយតម្លៃអំពីផលប៉ះពាល់លើទំនាក់ទំនងរវាងថៃនិងអ៊ីរ៉ង់។ លោកក៏បានជំរុញឲ្យភាគីជម្លោះនៅមជ្ឈិមបូព៌ាគោរពធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។
