ភ្នំពេញ – នៅពេលដែលសង្គ្រាមមជ្ឈិមបូព៌ាកំពុងឆាបឆេះខ្លាំង អ៊ីរ៉ង់បានប្រកាសពីយុទ្ធសាស្ត្រថ្មីដ៏គ្រោះថ្នាក់មួយ គឺការដាក់មីនក្នុងច្រកសមុទ្រ Hormuz ដើម្បីកម្ទេចកប៉ាល់ដឹកទំនិញ និងប្រេងដែលឆ្លងកាត់។ យុទ្ធសាស្ត្រនេះត្រូវបានគេចាត់ទុកជាអាវុធសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងពិភពលោក។

ការប្រកាសដាក់មីននេះ រួមជាមួយការវាយប្រហារកប៉ាល់ដឹកប្រេងជាបន្តបន្ទាប់ បានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងលើសពី ១២០ ដុល្លារក្នុងមួយបារ៉ែល ហើយកំពុងរុញទម្លាក់សេដ្ឋកិច្ចសកលចូលក្នុងវិបត្តិធ្ងន់ធ្ងរ។
មីនសមុទ្រត្រូវបានគេស្គាល់ថាជាអាវុធដែល «ចំណាយតិចតែប្រសិទ្ធភាពខ្ពស់» ដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាចម្បាំងតម្លៃរាប់ពាន់លានដុល្លារ។ ការបោសសម្អាតមីនទាំងនេះត្រូវការពេលវេលាយូរ និងមានគ្រោះថ្នាក់ខ្ពស់ ដែលអាចធ្វើឲ្យច្រកសមុទ្រ Hormuz ត្រូវបិទទាំងស្រុងក្នុងរយៈពេលយូរ។

មីនសមុទ្រមានពីរប្រភេទចម្បង៖ «មីនប៉ះទង្គិច» ដែលផ្ទុះនៅពេលនាវាបុកផ្ទាល់ និង «មីនឥទ្ធិពល» ដែលទំនើបជាង ដោយអាចផ្ទុះតាមសញ្ញាដែកម៉ាញេទិក សំឡេងម៉ាស៊ីន ឬការប្រែប្រួលសម្ពាធទឹក។ មានផងដែរមីនអណ្តែតសេរី ដែលអាចផ្លាស់ទីតាមចរន្តទឹក ទោះបីជាត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិក៏ដោយ។
អ៊ីរ៉ង់ប្រើប្រាស់វិធីសាស្រ្តផ្សេងៗក្នុងការដាក់មីន៖ ទូកល្បឿនលឿនសម្រាប់ដាក់មីនយ៉ាងលឿន យន្តហោះសម្រាប់ទម្លាក់មីនលើផ្ទៃទឹកធំទូលាយ និងនាវាមុជទឹកសម្រាប់ការដាក់មីនដោយសម្ងាត់។
ពេលដូចគ្នា FBI បានព្រមានថា អ៊ីរ៉ង់អាចប្រើដ្រូនវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា បង្កើនភាពតានតឹងអន្តរជាតិ។
