ភ្នំពេញ៖ តុលាការកម្ពុជាបានបើកសវនាការជំនុំជម្រះចំពោះអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកក្នុងការដោះលែងមេក្រុម Online Scam ចំនួន ៥នាក់។

ការជំនុំជម្រះដ៏សំខាន់នេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ញឹម ពិសាល ជាចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងតំណាងអយ្យការ។ ជនត្រូវចោទគឺលោក គ្រី សីហា អតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់។

តាមការចោទប្រកាន់ លោក គ្រី សីហា បានទទួលប្រាក់សំណូកពីមេក្រុម Online Scam ដើម្បីដោះលែងជនល្មើសចំនួន ៥នាក់ រួមមានប្រុសជនជាតិចិន១នាក់ និងស្រីជនជាតិវៀតណាម៤នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅខេត្តពោធិ៍សាត់។

កាលពីខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក គ្រី សីហា បន្ទាប់ពីបានប្រមូលភស្តុតាងគ្រប់គ្រាន់។ ក្រុមស៊ើបអង្កេតដឹកនាំដោយលោក ហ៊ូ ស្ថាបនា បានស្រាវជ្រាវយ៉ាងហ្មត់ចត់ រហូតដល់ឃើញមានបន្ទុកគ្រប់គ្រាន់សម្រាប់ការឃាត់ខ្លួន។

មុននឹងត្រូវឃាត់ខ្លួន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកមុខងាររបស់លោក គ្រី សីហា ជាបណ្តោះអាសន្ន ដើម្បីឱ្យការស៊ើបអង្កេតអាចបន្តដោយសេរី។
បន្ទាប់ពីបញ្ចប់ការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសទៅថ្ងៃក្រោយដោយមិនកំណត់ពេលវេលា។ ការសម្រេចនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់អាទិភាពលើការប្រឆាំងអំពើពុករលួយនៅកម្ពុជា។
ដោយ៖ រ៉ារ៉ា
