ខេត្តកំពង់ស្ពឺ – កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរកឃើញម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន១៧កញ្ចាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរៈសេនីយ៍ទោ សាវ សុភក្តី អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ។ ប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២និង០០នាទី ក្នុងតំបន់ឃុំជើងរាស់ និងឃុំដំណាក់រាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖
១. ភឿន វាសនា (ម៉ាង) អាយុ២២ឆ្នាំ រស់នៅភូមិយស់ជោ
២. ជ្រឿន ចាន់ អាយុ៤១ឆ្នាំ រស់នៅភូមិកំណប់
៣. ស៊ុន ម៉ាប់ អាយុ៣៦ឆ្នាំ រស់នៅភូមិអង្រ្គង (មានដីកាចាប់ខ្លួន)
៤. បូរ សាវុត អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងវែង
៥. បិន សុគា អាយុ៤៣ឆ្នាំ រស់នៅភូមិទួលសំបូរ

ក្រៅពីម្សៅក្រាម១៧កញ្ចាប់ (២កញ្ចាប់មធ្យម និង១៥កញ្ចាប់តូច) សមត្ថកិច្ចបានរកឃើញសម្ភារៈផ្សេងៗទៀតរួមមាន៖ ជញ្ជីងអេឡិចត្រូនិក១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ២គ្រឿង ដាវ១ដើម កាំបិត២ដើម កាំភ្លើងខ្យល់២ដើម និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមជាមួយវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី។
