
អ៊ីរ៉ង់បានចេញសារព្រមានយ៉ាងខ្លាំងទៅកាន់ពិភពលោក ដោយអំពាវនាវឱ្យត្រៀមខ្លួនសម្រាប់ការហក់ឡើងនៃតម្លៃប្រេងឆៅដល់កម្រិត ២០០ ដុល្លារក្នុងមួយបារ៉ែល។ ការព្រមាននេះមកក្រោយពីកងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងនាវាដឹកប្រេងក្នុងតំបន់ឈូងសមុទ្រពែរ្ស។
លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃបញ្ជាការយោធាអ៊ីរ៉ង់ បានប្រកាសយ៉ាងច្បាស់ថា៖ «ត្រៀមខ្លួនសម្រាប់ពេលតម្លៃប្រេងឡើងដល់ ២០០ ដុល្លារ/បារ៉ែលឱ្យហើយទៅ ពីព្រោះតម្លៃប្រេងអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលអ្នកបានបង្កឱ្យអស្ថិរភាព»។

ជម្លោះដែលផ្ទុះឡើងពីការវាយប្រហាររួមគ្នារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ បានសម្លាប់មនុស្សប្រហែល ២០០០ នាក់ ដោយភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់។ ជម្លោះនេះបានរីករាលដាលទៅលីបង់ និងបង្កឱ្យមានការរញ្ជួយរញ្ជួញនៅទីផ្សារប្រេងសកល។
តម្លៃប្រេងអន្តរជាតិម៉ាក Brent បានកើនឡើងដល់ ១០០ ដុល្លារ/បារ៉ែល ជាថ្មីសម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ។ កាលពីថ្ងៃចន្ទ តម្លៃប្រេងបានហក់ឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល មុនពេលធ្លាក់ចុះមកវិញត្រឹម ៨០ ដុល្លារ/បារ៉ែល នៅថ្ងៃអង្គារ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសបញ្ចេញប្រេងពីស្តុកបម្រុងទុកប្រមាណ ៤០០ លានបារ៉ែល ដើម្បីរក្សាស្ថិរភាពតម្លៃប្រេង។ យ៉ាងណាមិញ វិធានការនេះមិនបានធ្វើឱ្យតម្លៃប្រេងចុះខ្សោយទេ ដោយសារអ៊ីរ៉ង់បន្តការវាយប្រហារលើនាវាដឹកប្រេង។
ការវាយប្រហារថ្មីៗនេះបានធ្វើឡើងលើនាវាដឹកប្រេង ២ គ្រឿងរបស់អ៊ីរ៉ាក់នៅឈូងសមុទ្រពែរ្ស និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងទៀតនៅច្រកសមុទ្រហ័រមូហ្ស ដែលបង្ហាញពីអសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញចេញពីតំបន់។
