កូរ៉េខាងជើងព្រមានជប៉ុនថា ‘នឹងលិចក្រោមទឹក’ បើហ៊ានដាក់មីស៊ីលចម្ងាយឆ្ងាយ

កូរ៉េខាងជើងព្រមានជប៉ុនថា ‘នឹងលិចក្រោមទឹក’ បើហ៊ានដាក់មីស៊ីលចម្ងាយឆ្ងាយ

ពិភពលោកកំពុងផ្តោតអារម្មណ៍លើតំបន់អាស៊ីបូព៌ា បន្ទាប់ពីកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ព្រមានយ៉ាងខ្លាំងក្លាកាលពីថ្ងៃសុក្រទី១៣ មីនា ដែលថា ផែនការរបស់ជប៉ុនក្នុងការដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយជំនាន់ថ្មី អាចនាំឲ្យមាន «ការលិចលង់នៃប្រជុំកោះជប៉ុនទាំងមូល»។

មីស៊ីលប្រភេទ Type 12

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបក្សកូរ៉េខាងជើង (KCNA) បានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលជប៉ុន ចំពោះការសម្រេចចិត្តដាក់ពង្រាយមីស៊ីលប្រភេទ Type 12 ដែលត្រូវបានកែលម្អឲ្យមានសមត្ថភាពបាញ់បានឆ្ងាយជាងមុន។ មីស៊ីលទាំងនេះនឹងត្រូវដាក់នៅតាមតំបន់យុទ្ធសាស្ត្រជាច្រើន រួមមានខេត្ត Kumamoto, Shizuoka និង Miyazaki។

អ្វីដែលធ្វើឲ្យកូរ៉េខាងជើងព្រួយបារម្ភជាពិសេសនោះគឺ មីស៊ីលថ្មីនេះមិនត្រឹមតែបាញ់ចេញពីដីគោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបាញ់ចេញពីលើអាកាស និងលើទឹក ដែលធ្វើឲ្យប្រទេសជិតខាងទាំងអស់ស្ថិតក្នុងរយៈចម្ងាយនៃការវាយប្រហាររបស់ជប៉ុន។

ការសាកល្បងមីស៊ីល

កូរ៉េខាងជើងបានលើកឡើងថា ទង្វើរបស់ជប៉ុនគឺជាល្បែងយោធាដ៏គ្រោះថ្នាក់ និងជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលធ្លាប់សន្យាថានឹងប្រើប្រាស់កម្លាំងយោធាត្រឹមតែក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ។ ព្យុងយ៉ាងបានអះអាងថា ការដាក់ពង្រាយអាវុធវាយប្រហារទាំងនេះ គឺជាការត្រៀមលក្ខណៈយ៉ាងច្បាស់ក្រឡែតសម្រាប់ឈ្លានពានយោធានៅពេលអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ កូរ៉េខាងជើងបានព្រមានចំៗថា ជប៉ុនកំពុងដើរចូលទៅកៀកនឹង «បន្ទាត់ក្រហម»។ KCNA បានបញ្ជាក់ថា «ប្រសិនបើផែនការនេះក្លាយជាការពិតមែននោះ ជប៉ុននឹងក្លាយជាឃ្លាំងមីស៊ីលដែលអាចកំណត់គោលដៅវាយប្រហារលើប្រទេសជិតខាងបានគ្រប់ពេលវេលា» ដែលវានឹងធ្វើឲ្យសន្តិសុខក្នុងតំបន់ទាំងមូលបាត់បង់ស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។

administrator

Related Articles