ប្រទេសចិនបានចេញសំឡេងព្រមានយ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការសម្រេចចិត្តសង្គ្រាម ដែលអាចនាំឲ្យបាត់បង់ការគ្រប់គ្រងរបស់មនុស្ស។

កាលពីថ្ងៃពុធទី១១មីនា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការអនុញ្ញាតឲ្យ AI កំណត់ជីវិត និងសេចក្តីស្លាប់នៅក្នុងសង្គ្រាម អាចបំផ្លាញក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងសង្គ្រាម»។
ការព្រមាននេះមកពីព័ត៌មានថា អាមេរិកកំពុងជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក អនុញ្ញាតឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យយោធាកាន់តែទូលំទូលាយ ហើយបានដាក់ពង្រាយឧបករណ៍បែបនេះរួចហើយនៅក្នុងប្រតិបត្តិការដែលទាក់ទងនឹងជម្លោះអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។

លោក Jiang Bin បានបន្តថា៖ «ការផ្តល់អំណាចដល់ក្បួនដោះស្រាយដើម្បីកំណត់ជីវិត និងសេចក្តីស្លាប់ មិនត្រឹមតែធ្វើឲ្យខូចការរឹតបន្តឹងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងហានិភ័យបច្ចេកវិទ្យាផងដែរ»។
ចិនបានជំរុញឲ្យរក្សាអាទិភាពរបស់មនុស្សក្នុងកម្មវិធីយោធា AI និងធានាថា ប្រព័ន្ធអាវុធទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស។ ការព្រមាននេះបានលើកឡើងពីហានិភ័យដែលអាចកើតឡើង ប្រសិនបើអនុញ្ញាតឲ្យម៉ាស៊ីនគ្របដណ្តប់លើការសម្រេចចិត្តនៅសមរភូមិ។
