ថៃប្រកែកថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាមុនមុនវាយប្រហារកប៉ាល់ដឹកទំនិញ

ថៃប្រកែកថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាមុនមុនវាយប្រហារកប៉ាល់ដឹកទំនិញ

ភ្នំពេញ – ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ដឹកទំនិញថៃ បានប្រកែកយ៉ាងខ្លាំងទៅនឹងការអះអាងរបស់អ៊ីរ៉ង់ ដោយអះអាងថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាក់លាក់ណាមួយទេមុនពេលវាយប្រហារកប៉ាល់របស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz។

កប៉ាល់ដឹកទំនិញថៃត្រូវវាយប្រហារ

តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន PSL បានបញ្ជាក់យ៉ាងច្បាស់ថា កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខទាំងអស់ រួមទាំងការណែនាំអំពីសុវត្ថិភាពសមុទ្រ និងតម្រូវការរាយការណ៍ផ្សេងៗ។

ក្រុមហ៊ុនបានបន្តថា កប៉ាល់បានរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយអង្គភាពនៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស (UKMTO) កងទ័ពជើងទឹកថៃ និងមជ្ឈមណ្ឌលសម្របសម្រួលសន្តិសុខសមុទ្រដទៃទៀត។

ស្ថានភាពក្រោយការវាយប្រហារ

ការប្រកែកនេះគឺជាការវាយបកតបទៅនឹងការអះអាងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលបានអះអាងថា ពួកគេបានផ្តល់ការព្រមានជាមុន ហើយកប៉ាល់ថៃបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។

រដ្ឋាភិបាលថៃបានចាត់វិធានការដោយកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីឲ្យមកបកស្រាយនិងពន្យល់ពីហេតុការណ៍នេះ និងតម្រូវឲ្យអ៊ីរ៉ង់ធ្វើការសុំទោសជាផ្លូវការ។

សូមជម្រាបជាថ្មីថា ការវាយប្រហារបានកើតឡើងនៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ នៅពេលកប៉ាល់ធ្វើដំណើរចេញពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែនាវិក៣នាក់ទៀតនៅតែបាត់ខ្លួនគិតត្រឹមពេលនេះ។

រៀបរៀងដោយ៖ សុខ សុវណ្ណ

administrator

Related Articles