រដ្ឋាភិបាលថៃបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដោយទាមទារឲ្យសុំទោសជាផ្លូវការចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញដោតទង់ជាតិថៃនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធមុន។

កប៉ាល់ដឹកទំនិញឈ្មោះ MAYUREE NAREE ដែលធ្វើដំណើរពីកំពង់ផែខាលីហ្វា (UAE) ឆ្ពោះទៅឥណ្ឌា ត្រូវរងការវាយប្រហារនៅថ្ងៃទី១១ មីនា ២០២៦ បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន និង២០នាក់ទៀតត្រូវជួយសង្គ្រោះទៅកាន់អូម៉ង់។
លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការក្រសួងការបរទេសថៃ បានជួបពិភាក្សាជាមួយលោក Nassereddin Heidari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដោយទាមទារឲ្យអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍សុំទោស និងបញ្ជាក់អង្គហេតុឲ្យបានច្បាស់។

នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានបន្ទោសអ៊ីរ៉ង់យ៉ាងខ្លាំង ដោយថា ការវាយប្រហារនេះ «មិនសមស្របទាល់តែសោះ»។ លោកបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះក្រុមនាវិក។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា ពួកគេបានព្រមានកប៉ាល់នេះមិនឲ្យឆ្លងកាត់តំបន់ ប៉ុន្តែក្រុមនាវិកមិនស្តាប់ ទើបត្រូវបើកការបាញ់ប្រហារ។
រដ្ឋាភិបាលថៃបានបង្គាប់ឲ្យបេសកកម្មការទូតរបស់ខ្លួនទាក់ទងជាបន្ទាន់ទៅកាន់នាវិកទាំងនោះ និងផ្តល់ជំនួយចាំបាច់ ទោះបីជាការធ្វើដំណើរទៅកាន់តំបន់នោះអាចចំណាយពេលយូរក៏ដោយ។
