ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏ធំជាងគេដែលត្រូវរៀបចំនៅរាជធានី ខណៈព្រឹត្តិការណ៍បែបនេះធ្លាប់តែធ្វើនៅខេត្តសៀមរាប។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ “ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា យើងនឹងរៀបចំព្រឹត្តិការណ៍នេះធំជាងឆ្នាំកន្លងទៅ។”

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍ដ៏ធំនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវការជួបជុំគ្នាទាំងប្រជាពលរដ្ឋក្នុងនិងក្រៅស្រុក។”

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចៗចំនួន៣កន្លែងទៀត។ ទីតាំងសំខាន់ៗមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើជើងចតុមុខ និងសួនវឌ្ឍនៈរហូតដល់ផ្សាររាត្រី។

លោក ឃួង ស្រេង បានបន្តថា៖ “ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។”

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា៖ “ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើងមានស្មារតីសាមគ្គីភាពកាន់តែខ្លាំងឡើង។ រិតតែឈ្លានពាន ខ្មែរកាន់តែរួបរួម។ សេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ។”

ព្រឹត្តិការណ៍នគរសង្ក្រាន្តនេះនឹងជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងរីករាយ និងពោរពេញដោយវប្បធម៌អារម្មណ៍។
ដោយ៖ សំរិត
