ក្រសួងការងារសហការជាមួយ ILO បណ្តុះបណ្តាលគ្រូបង្គោលពីសុវត្ថិភាពការងារ ដើម្បីការពារកម្មករនិយោជិត

ក្រសួងការងារសហការជាមួយ ILO បណ្តុះបណ្តាលគ្រូបង្គោលពីសុវត្ថិភាពការងារ ដើម្បីការពារកម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

ការបណ្តុះបណ្តាលសុវត្ថិភាពការងារ

កម្មវិធីនេះដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និងមន្ត្រីជំនាញផ្សេងៗ ក្រោមអធិបតីភាពលោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក លឹម ស៊ុយហុង បានបញ្ជាក់ថា៖ “គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឱ្យកាន់តែយល់ច្បាស់អំពីគោលនយោបាយសុវត្ថិភាព និងសុខភាពការងារ ក្នុងគោលដៅបង្កើតបរិយាកាសការងារមានសុវត្ថិភាពខ្ពស់សម្រាប់កម្មករនិយោជិត។”

ការប្រជុំសុវត្ថិភាពការងារ

លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីអធិការកិច្ច គឺជាអាទិភាពគន្លឹះដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម។ លើសពីនេះ ក្រសួងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ។

អ្នកចូលរួមការបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ទទួលបានការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត យូកា អ៊ូជីតា អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្លឹមសារសំខាន់ៗរួមមាន ការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់ប្រភេទគ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈ។

ការបង្រៀនសុវត្ថិភាពការងារ

មន្ត្រីដែលចូលរួមនឹងក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពពេញលេញ ក្នុងការផ្ទេរចំណេះដឹងបន្ត និងរៀបចំផែនការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យសហគ្រាស និងរោងចក្រក្លាយជាកន្លែងធ្វើការដែលមានសុខដុមរមនា និងសុវត្ថិភាពបំផុត។

ការប្រជុំពិភាក្សា

ការបណ្តុះបណ្តាលជំនាញ

ការបញ្ចប់កម្មវិធី

ដោយ៖ តារា

administrator

Related Articles