ទីក្រុងតែលអាវីវ៖ ទោះបីជាមានការគាំទ្រពីសាធារណជនក្នុងស្រុកក៏ដោយ ក៏អ៊ីស្រាអែលកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរពីការអស់មីស៊ីលស្ទាក់ចាប់ និងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ប្រសិនបើជម្លោះជាមួយអ៊ីរ៉ង់នៅតែអូសបន្លាយ។

យោងតាមការចុះផ្សាយពី Al Jazeera និង Times of Israel បញ្ហាបន្ទាន់បំផុតគឺតើអ៊ីស្រាអែលអាចរក្សាលំនឹងប្រយុទ្ធបានរយៈពេលយូរប៉ុន្មាន? តើឃ្លាំងអាវុធការពារជាតិរបស់ពួកគេនឹងត្រូវអស់ដែរឬទេ?
អ្នកវិភាគការពារជាតិអ៊ីស្រាអែល លោក Hamze Attar បានបង្ហាញថា ក្នុងអំឡុងពេលសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល៥០០គ្រាប់ ដែលទាមទារឲ្យអ៊ីស្រាអែលប្រើប្រាស់ចំនួនមីស៊ីលស្ទាក់ចាប់ប្រហាក់ប្រហែលគ្នា។

“បើគ្មានការគាំទ្រពីអាមេរិកទេ អ៊ីស្រាអែលប្រហែលជាបាត់បង់ការគ្រប់គ្រងដែនអាកាសរបស់ខ្លួននាពេលនោះទៅ” លោក Attar បានព្រមាន។
ក្រៅពីឃ្លាំងអាវុធ អ៊ីស្រាអែលក៏ស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។

យោងតាមលោក Ayal Kimhi សាស្ត្រាចារ្យនៅវិទ្យាស្ថាន Shoresh ការចំណាយយោធាដោយផ្ទាល់ ចាប់ពីប្រាក់ខែបម្រុងរហូតដល់មីស៊ីលស្ទាក់ចាប់ នឹងមានចំនួនរាប់ពាន់លានដុល្លារ។
រូបភាព៖ Reuters
អត្ថបទ៖ សាង ស្រីល័ក្ខ
