អូម៉ង់ជួយសង្គ្រោះនាវិកថៃ២០នាក់ ប៉ុន្តែនៅស្វែងរក៣នាក់ទៀតក្រោយការវាយប្រហារពីអ៊ីរ៉ង់

អូម៉ង់ជួយសង្គ្រោះនាវិកថៃ២០នាក់ ប៉ុន្តែនៅស្វែងរក៣នាក់ទៀតក្រោយការវាយប្រហារពីអ៊ីរ៉ង់

មេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ បានទាក់ទងផ្ទាល់ទៅកាន់សមភាគីអូម៉ង់ ដើម្បីស្នើសុំជំនួយជាបន្ទាន់ ក្នុងការស្វែងរកនាវិកចំនួន៣នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រ Hormuz។

កងទ័ពជើងទឹកអូម៉ង់កំពុងស្វែងរក

តាមការផ្សាយរបស់ Khaosod នាថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ ហេតុការណ៍នេះបានកើតឡើងលើនាវាដឹកទំនិញថៃឈ្មោះ MV Mayuree Naree ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែខាលីហ្វានៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ឆ្លងកាត់តាមច្រកសមុទ្រ Hormuz។

នាវាដឹកទំនិញថៃដែលរងការវាយប្រហារ

នាវិកថៃចំនួន២០នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ដីគោកដោយសុវត្ថិភាពដោយកងទ័ពជើងទឹកអូម៉ង់ ប៉ុន្តែនាវិក៣នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយទេ ហើយគេជឿថានៅជាប់លើនាវានៅឡើយ។

មេទ័ពជើងទឹកថៃ Pairote Fuangchan បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេទ័ពជើងទឹកអូម៉ង់ Saif bin Nasser Al Rahbi សម្រាប់ការជួយសង្គ្រោះអ្នករស់រានមានជីវិតទាំង២០នាក់បានទាន់ពេលវេលា ដោយលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក

ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពជើងទឹកថៃ បានជំរុញឲ្យកងកម្លាំងអូម៉ង់បន្តប្រតិបត្តិការស្វែងរកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនឱកាសក្នុងការស្វែងរកនាវិកដែលនៅសេសសល់។

បច្ចុប្បន្ននេះ កងទ័ពជើងទឹកភូមិន្ទថៃ កំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ និងកំពុងសម្របសម្រួលជាមួយស្ថានទូតថៃ ប្រចាំទីក្រុង Muscat ដើម្បីធានាថា គ្រប់មធ្យោបាយដែលមានទាំងអស់ ត្រូវបានប្រើប្រាស់ដើម្បីជួយសង្គ្រោះនាវិកដែលបាត់ខ្លួនទាំងនោះ។

ស្ថានភាពការស្វែងរកនាវិកដែលបាត់ខ្លួន

សូមជម្រាបថា ពាក់ព័ន្ធការវាយប្រហារលើកនេះ សារព័ត៌មានអ៊ីរ៉ង់ Fararu ផ្សាយថា នាវានោះប្រាប់ហើយមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើបកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងទៀតថា នាវានោះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕

administrator

Related Articles