ភ្នំពេញ៖ ការគាំទ្រសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីតម្លៃសាំងឡើងថ្លៃកាលពីប៉ុន្មានថ្ងៃមុន។ ប្រជាពលរដ្ឋជាច្រើនបានរកឃើញថា ការប្រើប្រាស់សេវានេះជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃបានយ៉ាងច្រើន។

នេះបើតាមសេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (រ.ដ.ស) បានបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់។

សេវានេះប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង និងធ្វើប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២០:៣០នាទី។ ដោយឡែក សម្រាប់ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) គឺចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី។

តម្លៃសំបុត្ររថយន្តក្រុងសាធារណៈគឺត្រឹម១.៥០០រៀល ក្នុងការធ្វើដំណើរមួយជើងក្នុងម្នាក់។ ជាពិសេស ព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ-កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព មិនតម្រូវឱ្យបង់ថ្លៃឡើយ។

ការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសេវានេះមិនត្រឹមតែជួយសន្សំសំចៃការចំណាយប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានផងដែរ។
ដោយ៖ សំរិត
