ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការចូលរួមពីសមាជិកតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជាការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣។

ជំនាញអាទិភាពទាំង៣នោះរួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) និងជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៨។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ។

តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់យុវជន និងកម្មករនិយោជិតប្រមាណជាង៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។

គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
