អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មី៖ នាវាទាំងអស់ត្រូវសម្របសម្រួលជាមួយកងទ័ពជើងទឹក មុនឆ្លងកាត់ច្រកសមុទ្រហ័រមូស

អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មី៖ នាវាទាំងអស់ត្រូវសម្របសម្រួលជាមួយកងទ័ពជើងទឹក មុនឆ្លងកាត់ច្រកសមុទ្រហ័រមូស

អន្តរជាតិ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា នាវាទាំងអស់ដែលចង់ឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែធ្វើការសម្របសម្រួលជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាព។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ មីនា តាមរយៈទីភ្នាក់ងារសារព័ត៌មាន Mehr។

ច្រកសមុទ្រហ័រមូស

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានពន្យល់ថា៖ «សន្តិសុខនៃច្រកសមុទ្រហ័រមូស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់។ យើងមិនចង់ឱ្យច្រកសមុទ្រនេះក្លាយជាកន្លែងគ្មានសុវត្ថិភាពទេ ហេតុនេះនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់យើង»។

មុននេះ លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានថ្លែងថា ប្រទេសនេះនឹងបន្តប្រយុទ្ធ និងបិទច្រកសមុទ្រហ័រមូស ដើម្បីប្រើជាថ្នូរចរចាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ទោះជាយ៉ាងណា អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានបដិសេធថា ទីក្រុងតេអេរ៉ង់គ្មានបំណងបិទច្រកសមុទ្រនេះទេ។

ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលចាប់ផ្ដើមពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ កុម្ភៈ បានធ្វើឱ្យចរាចរណ៍តាមច្រកសមុទ្រហ័រមូសជាប់គាំង ដែលរំខានដល់ការផ្គត់ផ្គង់ទំនិញសកល។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា នាវាណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាត នឹងត្រូវកំណត់ជាគោលដៅ។

ដោយ៖ តារា

administrator

Related Articles