សហរដ្ឋអាមេរិកបានដកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ី ដោយអនុញ្ញាតឱ្យប្រទេសនានាអាចទិញនិងនាំចូលប្រេងរុស្ស៊ីដែលជាប់គាំងលើសមុទ្ររយៈពេល ៣០ថ្ងៃ ក្នុងពេលដែលទីផ្សារប្រេងពិភពលោកកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាជំហានសំខាន់ក្នុងការធានាស្ថិរភាពទីផ្សារថាមពលសកល។ លោកបានពន្យល់ថា វិធានការនេះមិនផ្ដល់អត្ថប្រយោជន៍ធំដុំដល់រដ្ឋាភិបាលរុស្ស៊ីទេ ប៉ុន្តែជាវិធានការបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេង។
ការសម្រេចចិត្តនេះបានមកក្រោយពីសហរដ្ឋអាមេរិកបានប្រកាសបញ្ចេញប្រេងក្នុងស្តុកបម្រុងគ្រាអាសន្នចំនួន ១៧២ លានបារ៉ែល ដែលជាផ្នែកនៃយុទ្ធសាស្រ្តរួមគ្នានៃភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានសមាជិក ៣២ ប្រទេស ដែលបានយល់ព្រមបញ្ចេញប្រេងសរុប ៤០០ លានបារ៉ែល។

យោងតាមសេចក្ដីប្រកាសផ្លូវការ អាជ្ញាប័ណ្ណដែលចេញកាលពីថ្ងៃព្រហស្បតិ៍ បើកផ្លូវឱ្យប្រទេសនានាអាចនាំជញ្ជូននិងទិញប្រេងរុស្ស៊ីចាប់ពីថ្ងៃទី១២ មីនា ដល់ថ្ងៃទី១១ មេសា។ អាជ្ញាប័ណ្ណស្រដៀងគ្នានេះត្រូវបានផ្ដល់ឱ្យឥណ្ឌាកាលពីថ្ងៃទី៥ មីនា។
សារព័ត៌មាន Fox News បានរាយការណ៍ថា មានប្រេងរុស្ស៊ីប្រហែល ១២៤ លានបារ៉ែល នៅជាប់គាំងលើសមុទ្រនៅទីតាំងចំនួន ៣០ កន្លែងពាសពេញពិភពលោក ដោយសារទណ្ឌកម្មរបស់អាមេរិក។ អាជ្ញាប័ណ្ណថ្មីនេះអាចផ្ដល់ការផ្គត់ផ្គង់ប្រេងរយៈពេល ៥-៦ ថ្ងៃ ជំនួសឱ្យប្រេងដែលមិនអាចនាំចេញបានពីមជ្ឈិមបូព៌ា។

ក្នុងពេលដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ការកើនឡើងតម្លៃប្រេងជាបណ្ដោះអាសន្ននឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងដល់សេដ្ឋកិច្ចអាមេរិក។ ទោះជាយ៉ាងណា សម្ដីរបស់លោកត្រូវបានរិះគន់ពីសមាជិកសភាមួយចំនួន ដែលចោទប្រកាន់ថាលោកមិនយកចិត្តទុកដាក់លើបញ្ហារបស់ពលរដ្ឋធម្មតាដែលកំពុងជួបការលំបាកដោយសារតម្លៃប្រេងឡើងខ្ពស់។
