អ៉ីរ៉ង់គំរាមបិទច្រកសមុទ្រហើមូស បណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃខ្លាំង

អ៉ីរ៉ង់គំរាមបិទច្រកសមុទ្រហើមូស បណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃខ្លាំង

ទីក្រុងតេហេរ៉ង់ – អ៉ីរ៉ង់បានសន្យាយ៉ាងមុតមាំថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្តាយក្រោយចំពោះសង្គ្រាមដែលបានបង្កឡើង ដោយបន្តគំរាមកំហែងបិទច្រកសមុទ្រហើមូស ដែលកំពុងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃយ៉ាងខ្លាំង។

ច្រកសមុទ្រហើមូស

នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង CNA ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញសារមួយលើបណ្តាញទំនាក់ទំនងសង្គមថា “កម្ចាត់ចក្រភពអាក្រក់របស់អ៉ីរ៉ង់ គឺជារឿងដ៏សំខាន់ជាងតម្លៃប្រេងឆៅទៅទៀត”។

លោក អាលី ឡារីចានី ប្រធានសន្តិសុខអ៉ីរ៉ង់ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា៖ “ខណៈពេលដែលការចាប់ផ្តើមសង្គ្រាម គឺងាយស្រួល ប៉ុន្តែវាមិនអាចឈ្នះបានដោយការបង្ហោះសារ ២-៣ សារនោះទេ។ យើងនឹងមិនចុះចាញ់ទេ រហូតធ្វើឱ្យអ្នកស្តាយក្រោយចំពោះការគណនាខុសដ៏ធ្ងន់ធ្ងរនេះ”។

សាររបស់លោកឡារីចានី បានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក មុច្ឆតាបា ខាមេនី បានចេញសេចក្តីថ្លែងការណ៍ដ៏រឹងរូសមួយជាលើកដំបូង បន្ទាប់ពីការស្លាប់ឪពុករបស់លោក និងអ្នកកាន់តំណែងមេដឹកនាំកំពូលមុន លោក អាយ៉ាតូឡា អាលី ខាមេនី ដោយវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

លោក មុច្ឆតាបា ខាមេនី ដែលត្រូវបានគេរាយការណ៍ថារងរបួស មិនទាន់អាចបង្ហាញខ្លួនជាសាធារណៈនៅឡើយ បានផ្ញើសារដែលត្រូវបានអានដោយពិធីករម្នាក់នៅទូរទស្សន៍រដ្ឋ ដោយអំពាវនាវឱ្យមានការសងសឹក។ លោកបានលើកឡើងអំពីផ្លូវទឹកដែលជាពាណិជ្ជកម្មប្រេងដ៏សំខាន់របស់ពិភពលោកថា ត្រូវតែប្រើកម្លាំងបិទច្រកសមុទ្រហើមូស។

administrator

Related Articles