
ព្រះសីហនុ – សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិន និងវៀតណាម ៤នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងជនជាតិខ្មែរម្នាក់ជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទពាក់ព័ន្ធនឹងបណ្តាញផលិត និងជួញដូរគ្រឿងញៀនយ៉ាងធំ។

ក្នុងចំណោមជនជាប់ចោទដែលត្រូវផ្តន្ទាទោសពន្ធនាគារអស់ជីវិត មានឈ្មោះ ដូ ធានក្វាង (Do Thien Quang) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម និងជនជាតិចិន៣នាក់ទៀតគឺ ស៊ាវ ឈីហុង (Xiao Qihong) អាយុ៣៣ឆ្នាំ, ចាង ឈូយី (Zhang Chu Yu) អាយុ៣២ឆ្នាំ និង ថា ចាងវ័យ (Tang Zhang Wei) អាយុ៣៨ឆ្នាំ។ ជនទាំងនេះត្រូវពិន័យប្រាក់ ២០០លានរៀល។

ចំណែកជនជាតិខ្មែរម្នាក់ឈ្មោះ ហេង រិទ្ធថា អាយុ៣៨ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យប្រាក់ ១០០លានរៀល ពីបទសំគំនិតផលិត ជួញដូរគ្រឿងញៀន និងសម្អាតប្រាក់។

តុលាការក៏បានហាមឃាត់ជនជាប់ចោទទាំងនេះមិនឱ្យចូល និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមឧក្រិដ្ឋជនត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពេលបង្ក្រាប កម្លាំងសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនសុទ្ធទម្ងន់ជាង៥០គីឡូក្រាម សារធាតុផ្សំគ្រឿងញៀនច្រើន សម្ភារៈផលិតគ្រឿងញៀន និងកាំភ្លើង២ដើម។ ករណីនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។
