អង្ករថៃជាប់គាំងទៅមជ្ឈិមបូព៌ា កសិករតានតឹងដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់

អង្ករថៃជាប់គាំងទៅមជ្ឈិមបូព៌ា កសិករតានតឹងដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់

ការនាំចេញអង្ករថៃទៅកាន់តំបន់មជ្ឈិមបូព៌ាកំពុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យផ្លូវដឹកជញ្ជូនទៅកាន់ទីផ្សារធំរបស់ថៃត្រូវរំខាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ (១៣ មីនា)។

ការនាំចេញអង្ករថៃ

អ្នកជំនាញយល់ឃើញថា ការជាប់គាំងនេះនឹងធ្វើឱ្យកសិករថៃកាន់តែតានតឹងជាមួយនឹងការកើនឡើងថ្លៃដើម និងការថយចុះនៃតម្រូវការនៅបរទេស នៅពេលដែលតម្លៃ និងតម្រូវការស្រូវអង្ករអន្តរជាតិខ្សោយរួចស្រាប់ទៅហើយ។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់ថា កប៉ាល់ ២ គ្រឿងដែលដឹកអង្ករសរុបចំនួន ៨០,០០០ តោនទៅអ៊ីរ៉ាក់ ត្រូវជាប់គាំងនៅកំពង់ផែបាងកក ដោយអ្នកទិញបានណែនាំឱ្យទម្លាក់កុងតឺន័រចេញ ហើយដឹកអង្ករទៅឃ្លាំងវិញ។

«អ្វីៗគឺជាប់គាំង» លោក Chookiat បាននិយាយ ដោយបន្ថែមថា ការដឹកជញ្ជូនទៅកាន់មជ្ឈិមបូព៌ាអាចត្រូវបានផ្អាករយៈពេលជាច្រើនខែ ហើយ «គ្មានការទិញថ្មីណាមួយទេ ព្រោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងបន្ទាប់»។

ស្ថានភាពបច្ចុប្បន្នកំពុងគំរាមកំហែងដល់កសិករថៃ ដែលលំបាករួចទៅហើយដោយការធ្លាក់ចុះនៃតម្លៃក្នុងស្រូវស្រុក និងការហក់ឡើងនៃប្រាក់បាត។ សម្ពាធសម្រាប់កសិករអាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដែលវិស័យកសិកម្មរួមចំណែកប្រមាណ ១/៤ នៃកម្លាំងពលកម្មរបស់ប្រទេស។

ការនាំចេញអង្កររបស់ថៃត្រូវបានគេព្យាកររួចហើយថានឹងធ្លាក់ចុះ ១១% នៅឆ្នាំនេះ មកនៅត្រឹម ៧ លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទស្សនវិស័យកាន់តែងងឹតទៅៗ ដោយសារតែអ៊ីរ៉ាក់ ដែលជាអ្នកទិញអង្ករធំជាងគេរបស់ថៃ តម្រូវឱ្យថៃដឹកជញ្ជូនអង្ករឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលត្រូវបានបិទដោយសារតែជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់។

លោក Chookiat បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនអង្ករថៃកំពុងប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់ដែលទាក់ទងនឹងហានិភ័យសង្គ្រាម និងកំណើនថ្លៃប្រេងឥន្ធនៈ។ ការចំណាយបន្ថែមនឹងកាត់បន្ថយប្រាក់ចំណេញរបស់អ្នកនាំចេញ នៅស្របពេលដែលតម្លៃអង្ករថៃទូទាំងពិភពលោកមានអត្រាខ្ពស់ជាងគូប្រជែង។

អង្ករស ៥% របស់ថៃត្រូវបានប៉ាន់ស្មានថាលក់នៅតម្លៃ ៣៩២ ដុល្លារ/តោននៅថ្ងៃសុក្រ បើប្រៀបធៀបនឹងតម្លៃប្រភេទអង្ករដូចគ្នារបស់វៀតណាម (៣៥៦-៣៦០ ដុល្លារ/តោន) និងឥណ្ឌា (៣៥០-៣៥៤ ដុល្លារ)។

លោក Kriengsak Tapananon ទីប្រឹក្សាសមាគមកសិករថៃ បានថ្លែងថា៖ «ប្រសិនបើប្រេងឥន្ធនៈ និងជីកាន់តែថ្លៃ កសិករនឹងកាន់តែមានទុក្ខព្រួយ»។ ស្ថានភាពទីផ្សារក្នុងស្រុកសម្រាប់កសិករថៃក៏មិនប្រសើរដែរ ដោយសារតែតម្លៃទាប នៅពេលកសិករប្រមូលផលបានច្រើន។

administrator

Related Articles