ភ្នំពេញ៖ ក្រោមគម្រោងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា និងក្នុងតំបន់មេគង្គ ដើម្បីធានាសន្តិសុខព័ត៌មាន និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត។

ថ្លែងក្នុងពិធីបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាងនៅទីស្ដីការក្រសួងព័ត៌មាននារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យុទ្ធនាការនេះ នៅក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាម នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី២នេះ មានលក្ខណៈខុសប្លែកពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នៅដំណាក់កាលទី២នេះ យើងធ្វើជាលក្ខណៈតំបន់ ដោយមានការចូលរួមពីប្រទេសឡាវ វៀតណាម ភូមា រួមជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ចេន ចុង (Chen Cong) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា យុទ្ធនាការនេះ នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈខ្ពស់ក្នុងការត្រួតពិនិត្យ និងវាយបកទៅនឹងព័ត៌មានមិនពិត ដែលមានបំណងបំផ្លាញទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ចិន។

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោងឡានឆាងមេគង្គ បានមានប្រសាសន៍ថា គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦នេះ ជាគម្រោងទី៦របស់ក្រសួងព័ត៌មាន ដែលមានទឹកប្រាក់២សែន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបញ្ជាក់ថា គម្រោងក្នុងដំណាក់កាលទី២ ឆ្នាំ២០២៦នេះ នឹងមានសកម្មភាពធំៗចំនួន ៣៖ ទី ១. ការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងយុវជនប្រមាណ ៣០០នាក់ មកពី ៥ប្រទេស។ ២. កិច្ចពិភាក្សាថ្នាក់តំបន់ដើម្បីដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឆ្លងដែន និងទី ៣. ការជ្រើសរើសជ័យលាភី ៥រូប ដែលផលិតមាតិកាល្អបំផុតស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕



ប្រភព៖ (CCFR)
