សភាពការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំងឡើង បន្ទាប់ពីមន្ត្រីអាមេរិកបានបង្ហាញព័ត៌មានថា កងកម្លាំងអ៊ីរ៉ង់បានចាប់ផ្តើមដាក់គ្រាប់មីនក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់បំផុតសម្រាប់ដឹកជញ្ជូនប្រេងឆៅ និងហ្គាសធម្មជាតិរហូតដល់ ២០ភាគរយនៃតម្រូវការសកល។

យុទ្ធសាស្ត្រថ្មីនេះត្រូវបានអនុវត្តក្នុងគោលបំណងបង្កកការដឹកជញ្ជូនអន្តរជាតិ និងសងសឹកទៅកាន់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ចេញផ្សាយថ្ងៃទី១៣ មីនា ២០២៦ ដោយទីភ្នាក់ងារព័ត៌មាន Anadolu បន្ទាប់ពីកងទ័ពជើងទឹកខ្នាតធំរបស់អ៊ីរ៉ង់ត្រូវបានកងទ័ពអាកាសអាមេរិកកម្ទេចចោល កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានផ្លាស់ប្តូរយុទ្ធសាស្ត្រមកប្រើប្រាស់ទូកតូចៗរាប់រយគ្រឿង ដើម្បីលបដាក់គ្រឿងផ្ទុះក្នុងសមុទ្រ។
ភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសយ៉ាងដាច់អហង្ការថា អាវុធបិទច្រកសមុទ្រ Hormuz ត្រូវតែបន្តប្រើប្រាស់ ដើម្បីដាក់សម្ពាធលើពិភពលោក។

កងទ័ពអាមេរិកបានបើកការវាយប្រហារកម្ទេចនាវាដាក់មីនរបស់អ៊ីរ៉ង់អស់ចំនួន១៦គ្រឿង។ ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់ទីក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងវិបាកធ្ងន់ធ្ងរបំផុត ប្រសិនបើហ៊ានធ្វើឲ្យស្ទះចរន្តប្រេងពិភពលោក។
បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះប្រសិនបើច្រកសមុទ្រដ៏ចង្អៀតនេះត្រូវបានបិទជិតទាំងស្រុង តម្លៃប្រេង និងហ្គាសទូទាំងសកលលោកនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុត ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេស។
