ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

នៅចន្លោះថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះផ្ទុយពីសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និង២០១៣។
កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់នេះក៏ដោយ។

រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ)។
សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងស្មារតីនៃសេចក្តីប្រកាសរួមព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ និងគោរពកិច្ចព្រមព្រៀងទ្វេភាគី។

កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង។
ដោយ៖ តារា
