ត្រឹមមួយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ មានមនុស្សប្រុសស្រីបាត់បង់ជីវិតចំនួន៦នាក់ និងរងរបួស៤នាក់ ក្នុង៦ករណី ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

នេះបើយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីម៉ោង ១៤និង០០នាទី ថ្ងៃទី១២ ខែមីនា ដល់ម៉ោង ១៤និង០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
តាមរបាយការណ៍ដដែល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើក ក៏បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលសរុប ៤នាក់ផងដែរ។ បើតាមរបាយការណ៍ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់គឺដោយសារ បើកបរលើសល្បឿនកំណត់ចំនួន ៥លើក និងវ៉ាជែង ១លើក។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទូទាំងរាជធានី ខេត្ត ចាប់ផ្ដើមអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញបន្ទាប់ពីខកខានមួយរយៈដោយសារបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា ថៃ។ ការប្រកាសឲ្យអនុវត្តវិធានការច្បាប់ឡើងវិញនេះ ក៏ដោយសារការសង្កេតឃើញពីករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
