អន្តរជាតិ – សង្រ្គាមថ្មីដែលផ្ទុះឡើងនៅមជ្ឈិមបូព៌ារវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យរុស្ស៊ីមើលទៅដូចជាអ្នកចាញ់ដ៏ឯកោនៅលើឆាកអន្តរជាតិ។ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបាត់បង់ដៃគូយុទ្ធសាស្ត្រជាបន្តបន្ទាប់។

ដំបូងគឺលោក នីកូឡាស់ ម៉ាឌូរ៉ូ មេដឹកនាំផ្តាច់ការរបស់វេណេស៊ុយអេឡា ដែលត្រូវបានកងកម្លាំងអាមេរិកចុះទៅក្របួចកដល់ក្នុងផ្ទះកាលពីខែមករា ឆ្នាំ២០២៦។ បន្ទាប់មកលោក បាស្សារ អាល់-អាសាដ ប្រធានាធិបតីស៊ីរី ត្រូវបានគូប្រជែងក្នុងស្រុកវាយផ្តួលរំលំដណ្តើមអំណាចបានដោយជោគជ័យកាលពីឆ្នាំ២០២៤។
ហើយឥឡូវនេះ លោក អាយ៉ាតូឡា អាលី ខាមេនេអ៊ី មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តចុងក្រោយរបស់លោកពូទីន ត្រូវបានផ្តាច់ជីវិតក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦។

ទោះបីជាអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់រុស្ស៊ីក៏ដោយ លោកពូទីនបានប្រកាន់យកទឹកចិត្តប្រុងប្រយ័ត្នក្នុងការបញ្ចេញប្រតិកម្ម។ តាមការចុះផ្សាយរបស់ CNN រុស្ស៊ីបានថ្កោលទោសយុទ្ធនាការយោធានេះ និងចូលរួមរំលែកទុក្ខចំពោះមេដឹកនាំអ៊ីរ៉ង់ ប៉ុន្តែបានចៀសវាងការរិះគន់ដោយផ្ទាល់។
រុស្ស៊ីកំពុងជាប់ដៃក្នុងសង្រ្គាមឈ្លានពានលើអ៊ុយក្រែនអស់ជាង៤ឆ្នាំមកហើយ ដែលបានធ្វើឱ្យខាតបង់យោធា សព្វាវុធ និងចំណូលយ៉ាងច្រើន។ ដូច្នេះ ភាពជាដៃគូយុទ្ធសាស្ត្រដែលទីក្រុងមូស្គូបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់កាលពីឆ្នាំមុន ហាក់ដូចជាក្រដាស់មួយសន្លឹកប៉ុណ្ណោះ។
