
រដ្ឋាភិបាល និងអាជីវកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារការបិទច្រកសមុទ្រហ័រមូហ្ស ដែលបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងកើនឡើងខ្ពស់។
ក្នុងរបាយការណ៍ពី Al Jazeera កាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) បានបង្ហាញពីវិធានការប្រុងប្រយ័ត្នរបស់ប្រទេសនានាក្នុងតំបន់។ ហ្វីលីពីនបានកាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យមកត្រឹម ៤ ថ្ងៃក្នុងមួយសប្តាហ៍ ខណៈវៀតណាម និងថៃជំរុញឱ្យមន្រ្តីធ្វើការពីផ្ទះ និងកម្រិតការធ្វើដំណើរ។
មីយ៉ាន់ម៉ាបានចេញការកំណត់ថ្ងៃបើកបរឆ្លាស់គ្នាដោយផ្អែកលើលេខផ្លាកលេខ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសន្សំសំចៃប្រេងឥន្ធនៈ។

នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ បានប្រកាសពីការកំណត់តម្លៃប្រេងម៉ាស៊ូតជាបណ្តោះអាសន្ន ខណៈវៀតណាមចាប់ផ្តើមប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។
លោកស្រី Priyanka Kishore នាយិកានៅ Asia Decoded បានពន្យល់ថា៖ «ពួកគេព្យាយាមគ្រប់គ្រងស្ថានភាពផ្គត់ផ្គង់ មុនពេលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ»។
អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង និងឧស្ម័នដែលនាំចូល ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស។ តាមទិន្នន័យ ប្រេងឆៅប្រហែល ៨៤% និងឧស្ម័នធម្មជាតិពង្រាវ ៨៣% ដែលឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី។
អ្នកសេដ្ឋកិច្ច Alloysius Joko Purwanto បានចង្អុលបង្ហាញថា ហ្វីលីពីន ថៃ ម៉ាឡេស៊ី និងប្រ៊ុយណេ ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត។ ប្រទេសទាំងនេះពឹងផ្អែកខ្លាំងលើការនាំចូល ដែលរួមចំណែក ៦០-៩៥% នៃការផ្គត់ផ្គង់ប្រេងឆៅ។
ទុនបម្រុងថាមពលរបស់តំបន់មានកំណត់។ វៀតណាមមានប្រេងបម្រុងអាចប្រើប្រាស់បាន ២០ ថ្ងៃ ឥណ្ឌូណេស៊ី ២១-២៣ ថ្ងៃ ថៃ ៦០ ថ្ងៃ និងហ្វីលីពីន ៥០-៦០ ថ្ងៃ។ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ខ្វះប្រេងចម្រាញ់ ដែលត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសក្នុងតំបន់។
ថៃបានរឹតបណ្តឹងលើការនាំចេញប្រេង ខណៈចិនបានបញ្ជាឱ្យក្រុមហ៊ុនរដ្ឋផ្អាកការនាំចេញប្រេងឥន្ធនៈ។ អ្នកជំនាញព្រមានថា ប្រសិនបើការរំខាននៅតែបន្ត តម្លៃប្រេងនឹងកើនឡើងខ្ពស់ និងមានការរឹតបន្តឹងលើការប្រើប្រាស់ប្រេងកាន់តែច្រើន។
