អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាសង្គ្រាមពាក្យសម្តីដ៏តានតឹងបំផុត នៅពេលដែលមហាអំណាចពិភពលោកបានប្រកាសសង្រ្គាមពាក្យសម្តីដាក់គ្នាយ៉ាងខ្លាំងក្លា។ បរិយាកាសក្នុងបន្ទប់ប្រជុំបានក្លាយជាតានតឹងយ៉ាងខ្លាំង នៅពេលដែលអាមេរិកព្យាយាមស្វែងរកការគាំទ្រសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ីរ៉ង់។

តាមព័ត៌មានពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦ ទោះបីមានការរារាំងយ៉ាងខ្លាំងក្លាពីរុស្ស៊ី និងចិនក៏ដោយ ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោត១១ទល់នឹង២ ដើម្បីបន្តពិភាក្សាលើការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។
លោក Mike Waltz បេសកជនអាមេរិកបានចោទប្រកាន់ថា រុស្ស៊ី និងចិនកំពុងផ្តល់ការគាំទ្រដល់ទីក្រុងតេហេរ៉ង់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋសមាជិកទាំងអស់ត្រូវតែអនុវត្តការហាមឃាត់ការលក់អាវុធ និងបច្ចេកវិទ្យាមីស៊ីលទៅកាន់អ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុ។

ជាការឆ្លើយតប រុស្ស៊ី និងចិនបានចោទប្រកាន់អាមេរិកថាជា “អ្នកបង្កាត់ភ្លើង” នៃវិបត្តិនេះ។ លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីបានចោទថា អាមេរិកកំពុងបង្កើតរឿងបំភិតបំភ័យដើម្បីយកលេសធ្វើសង្រ្គាម។ តំណាងចិនលោក Fu Cong បានបន្ថែមថា ការសម្រេចចិត្តប្រើកម្លាំងបាយមុនរបស់អាមេរិកបានធ្វើឲ្យផ្លូវការទូតខាតបង់ពេលវេលា។
អង់គ្លេស និងបារាំងបានឈរនៅខាងអាមេរិក ដោយគាំទ្រការដាក់ទណ្ឌកម្មឡើងវិញ។ បារាំងបានលើកឡើងថា អ៊ីរ៉ង់មានសារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែក១០គ្រាប់ ហើយ IAEA មិនអាចធានាបានទៀតថា កម្មវិធីរបស់អ៊ីរ៉ង់គឺសម្រាប់សន្តិភាព។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅតែប្រកាន់ជំហរថា សង្រ្គាមនេះចាំបាច់ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែរ។ ចំណែកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Amir Saeid Iravani បានច្រានចោលការចោទប្រកាន់ទាំងអស់ និងប្រកាសថាអ៊ីរ៉ង់នឹងមិនទទួលស្គាល់ទណ្ឌកម្មណាមួយឡើយ។
