ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសាធារណៈនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តន្ទាទោសជនជាប់ចោទសរុប៥នាក់ ក្នុងនោះមានអតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួក៤នាក់ទៀត ដែលជាប់ពាក់ព័ន្ធពីបទប៉ុនប៉ងសូកប៉ាន់ និងសម្អាតប្រាក់។

សវនាការនេះដឹកនាំដោយលោក យ៉ែម តុលា ជាចៅក្រមជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទទាំង៥នាក់មាន៖
១. រ៉ន វាសនា (៣៨ឆ្នាំ) – អតីតអធិការរងស្រុកបវេល
២. តាំង សំណាង ហៅ សុខ ច័ន្ទសំណាង (៤៣ឆ្នាំ) – អតីតមន្ត្រីនគរបាល
៣. ហេង សុខណា (៤០ឆ្នាំ)
៤. មុនី សុខដារ៉ូ (២៩ឆ្នាំ)
៥. សាប់ ភារ៉ន (៤៥ឆ្នាំ)

ជនជាប់ចោទទាំងអស់មានមេធាវីការពារក្តីដោយស្របច្បាប់ និងមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមតាមដានស្តាប់។ នៅពេលបញ្ចប់ការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់។
វិចារណកថា៖ កាលពីថ្ងៃទី២៦ ឧសភា ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីនគរបាល២នាក់ ដោយចោទពីបទដោះលែងជនជាតិថៃជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ។ ក្រោយមក អង្គភាពនេះបានស្រាវជ្រាវឃាត់ខ្លួនបក្ខពួក៣នាក់ទៀត ធ្វើឲ្យចំនួនជនជាប់ចោទសរុបឡើងដល់៥នាក់។
ដោយ៖ រ៉ារ៉ា
