រឿងរ៉ាវគុកស្ទឹងត្រែង៖ ប្រធានពន្ធនាគារ និងមន្ត្រី៣នាក់ទៀត ត្រូវផ្អាកមុខងារបណ្ដោះអាសន្ន ក្រោយពីមានការប្រើទូរស័ព្ទដោយសេរីក្នុងគុក

រឿងរ៉ាវគុកស្ទឹងត្រែង៖ ប្រធានពន្ធនាគារ និងមន្ត្រី៣នាក់ទៀត ត្រូវផ្អាកមុខងារបណ្ដោះអាសន្ន ក្រោយពីមានការប្រើទូរស័ព្ទដោយសេរីក្នុងគុក

ភ្នំពេញ៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា រួមជាមួយមន្ត្រីពន្ធនាគារចំនួន៣រូបទៀត ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្ដោះអាសន្ន។ ការសម្រេចចិត្តនេះបានមកពីលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលបានចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ឯកសារផ្លូវការពន្ធនាគារ

ការផ្អាកមុខងារនេះ កើតឡើងក្រោយពីមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង មានការប្រើទូរស័ព្ទដោយសេរី ដោយអ្នកទោសអាចប្រើទូរស័ព្ទបាន ជាថ្នូរនឹងការឲ្យលុយខ្ទង់ពាន់ដុល្លារដល់មន្ត្រីយាមគុក។ ការលួចប្រើទូរស័ព្ទនេះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព និងការគ្រប់គ្រងក្នុងពន្ធនាគារ។

ពន្ធនាគារខេត្តស្ទឹងត្រែង

លោក លីម វាសនា ធ្លាប់ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នម្ដងរួចមកហើយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងការសម្រេចចិត្តថ្មីនេះ មន្ត្រីទាំង៤រូបត្រូវបានផ្អាកមុខងារ និងត្រូវបញ្ជូនទៅបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។

មន្ត្រីទាំង៤រូបដែលត្រូវផ្អាកមុខងាររួមមាន៖
១. លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា (អត្តលេខ ២៦៨៧) – ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង
២. លោកវរអគ្គានុរក្សថ្នាក់លេខ២ ផាន់ រចនា (អត្តលេខ ១៧៧៩) – ប្រធានការិយាល័យប្រតិបត្តិ
៣. លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ (អត្តលេខ ២៣៩០) – អនុប្រធានការិយាល័យប្រតិបត្តិ
៤. លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ព រតនៈ (អត្តលេខ ២៥៧៨) – ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ

ការសម្រេចចិត្តនេះបានចេញដើម្បីធានានូវការគ្រប់គ្រងដែលមានប្រសិទ្ធភាព និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅក្នុងប្រព័ន្ធពន្ធនាគារកម្ពុជា។ អាជ្ញាធរពន្ធនាគារបានអះអាងថា នឹងបន្តស៊ើបអង្កេតយ៉ាងហ្មត់ចត់លើរឿងនេះ ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងពន្ធនាគារទូទាំងប្រទេស។

administrator

Related Articles