
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា យន្តហោះចាក់សាំងលើអាកាស KC-135 Stratotanker បានធ្លាក់នៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលើអាកាសជាមួយយន្តហោះមួយគ្រឿងទៀត។ កងកម្លាំងអាមេរិកកំពុងចាប់ផ្តើមប្រតិបត្តិការសង្គ្រោះ។

តាមការផ្សាយរបស់ New York Post ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលបំពេញបេសកកម្ម Epic Fury។ យន្តហោះ KC-135 បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ចំណែកយន្តហោះមួយគ្រឿងទៀតអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែលដោយសុវត្ថិភាព។
CENTCOM បានចេញសេចក្តីថ្លែងការណ៍ថា ហេតុការណ៍កើតឡើងក្នុង «លំហអាកាសមិត្តភាព» ហើយមិនមែនបណ្តាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងឡើយ។ ការស៊ើបអង្កេតបានចាប់ផ្តើមរួចហើយ ប៉ុន្តែអាមេរិកមិនទាន់បញ្ចេញព័ត៌មានអំពីអាកាសយានិកដែលរងគ្រោះនៅឡើយ។
យន្តហោះ KC-135 គឺជាយន្តហោះចាក់សាំងស្នូលរបស់កងទ័ពអាកាសអាមេរិកអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ នេះគឺជាការបាត់បង់យន្តហោះទី៤ របស់អាមេរិក ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
