ខេត្តកំពង់ស្ពឺ – កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនបានឃាត់ខ្លួនបុរសម្នាក់ដែលបានដេញកាប់ឪពុករបស់ខ្លួននៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន។

ប្រភពពីកងរាជអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅម៉ោង១២:១០នាទី ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋម្នាក់ រាយការណ៍ប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម នៅម៉ោង១២:៤៥នាទីនៃថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់។

ជនសង្ស័យមានឈ្មោះ ម៉ន សុខណុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន។ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន កាំបិតផ្គាក់ចំនួន១ដើម ដែលជនសង្ស័យបានយកធ្វើសកម្មភាពដេញកាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការអន្តរាគមន៍រហ័សនេះបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធហូតឡាញ 1292 ដែលជាលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ដែលអាចទទួលការប្តឹងពីប្រជាពលរដ្ឋបានគ្រប់២៤ម៉ោង។
