ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមក្រសួង របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុនៅទូទាំងប្រទេស។
សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២៣°C ដល់ ៣៦°C ដោយមានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ដែលមានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់ ១០%។

ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២២°C ដល់ ៣៥°C ដោយមានខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានដែលមានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន និងរតនគិរី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។
សម្រាប់តំបន់មាត់សមុទ្រ ដែលជាតំបន់ដែលនឹងទទួលរងឥទ្ធិពលខ្លាំងបំផុត សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២៣°C ដល់ ៣៥°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរអាកាសធាតុនេះ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់សមុទ្រ។
