រាជធានីភ្នំពេញ – ក្រុមហ៊ុន Realestate.com.kh បានប្រកាសដាក់សម្ពោធជាផ្លូវការនូវកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៦ ប្រចាំឆ្នាំ២០២៦ ដែលនឹងត្រូវប្រារព្ធឡើងក្នុងខែតុលា២០២៦។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការទទួលស្គាល់ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបានចូលរួមចំណែកក្នុងការកសាងអនាគតវិស័យអចលនទ្រព្យនៅកម្ពុជា។

ឆ្នាំ២០២៦នេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់ ដោយកម្មវិធីពានរង្វាន់នេះនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃវេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform) ដែលដឹកនាំដោយក្រុមហ៊ុន Dot Property និង Lamudi។

លោក Tom O’Sullivan នាយកប្រតិបត្តិរនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖ “វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានបន្តវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ក្រុមហ៊ុនយើងមានមោទនភាពក្នុងការផ្តល់ការទទួលស្គាល់ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជាច្រើន។”

ការរួមបញ្ចូលមួយនេះគឺជាផ្លូវដើរដ៏សំខាន់មួយសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយម្ចាស់ជ័យលាភីថ្នាក់ជាតិនឹងបន្តទៅចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍។
ការទទួលពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៦ រៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមបើកទទួលចាប់ពីពេលនេះតទៅ។
