ហាងលក់ពូកមួយកន្លែងនៅក្រុងសៀមរាបត្រូវបានអគ្គិភ័យឆាបឆេះខូចខាតសម្ភារៈទាំងស្រុង គិតជាទឹកប្រាក់ជាង ១០មុឺនដុល្លារ ប៉ុន្តែអភ័យទោសមិនមាននរណារងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩:១៥នាទី នៅតាមបណ្តោយផ្លូវខ្នារ ក្នុងភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ អ្នកជិតខាងបានឃើញផ្សែងលាយលំអណ្តាតភ្លើងឆេះចេញមកពីក្នុងហាង ហើយបានព្យាយាមបាញ់ពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែមិនអាចគ្រប់គ្រងបានទេ។

សមត្ថកិច្ចជំនាញបានទទួលព័ត៌មានតាមលេខបន្ទាន់១២៩៦ ហើយបានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៣គ្រឿង រថយន្តពន្លត់អគ្គិភ័យផ្សារចាស់១គ្រឿង និងកងរាជអាវុធហត្ថ ទើបអាចគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង។
ម្ចាស់ទីតាំងគឺអ្នកឈ្មោះ នាក់ គារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ (លក់ពូក-ខ្នើយ)និងលក់បាយ។ ករណីអគ្គិភ័យនេះបានខូចខាតផ្ទះទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ដំបូលប្រក់ស័ង្កសីឆេះអស់ទាំងស្រុង។

ទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពូកចំនួន៩០០ កម្រាលចំនួន៧០ ម៉ាស៊ីនត្រជាក់២គ្រឿង ប្រាក់រៀល៥០លានរៀល ចង្ក្រានហ្កាស១០ឈុត អង្ករ១០បាវ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ចំពោះមូលហេតុអគ្គិភ័យនេះ គឺបណ្ដាលមកពីទុស្សេចរន្តភ្លើងធ្លាក់ផ្កាភ្លើងមកលើពូក បណ្ដាលឲ្យឆាបឆេះតែម្ដង។ សមត្ថកិច្ចបានអះអាងថា ករណីនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។
