អាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងរបស់មេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលថ្មីលោក Mojtaba Khamenei។

ការប្រកាសនេះធ្វើឡើងតាមរយៈកម្មវិធី Rewards for Justice ដោយគោលដៅលើបុគ្គលដែលបញ្ជានិងដឹកនាំកងកម្លាំង IRGC ដែលត្រូវបានចោទប្រកាន់ថារៀបចំផែនការវាយប្រហារនៅជុំវិញពិភពលោក។ បញ្ជីនេះក៏រួមមានលោក Ali Asghar Hejazi អនុប្រធានខុទ្ទកាល័យមេដឹកនាំកំពូល និងលោក Yahya Rahim Safavi ទីប្រឹក្សាយោធាជាន់ខ្ពស់។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងខ្លាំងក្រោយការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងអាមេរិកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សប្រហែល ១៣០០ នាក់ រួមទាំងអតីតមេដឹកនាំកំពូល Ali Khamenei។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលផ្ដោតលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានលើកឡើងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បានរងរបួស ខណៈដែលអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារលើប្រទេសនេះ។
