រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងសិក្សាពិនិត្យពីលទ្ធភាពកាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យមកត្រឹម ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ឬធ្វើការពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យកង្វះប្រេងឥន្ធនៈដោយសារជម្លោះមជ្ឈិមបូព៌ា។

លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែបានបញ្ជាក់ថា គោលនយោបាយនេះមិនទាន់ត្រូវបានគ្រោងទុកជាផ្លូវការនៅឡើយទេ ប៉ុន្តែអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងបង្កើនប្រសិទ្ធភាពថាមពល។
គោលនយោបាយនេះត្រូវបានដាក់ពង្រាយបន្ទាប់ពីហ្វីលីពីនបានអនុវត្តរួចហើយ ដែលប្រធានាធិបតីហ្វីលីពីនលោក ហ្វឺរឌីណង់ ម៉ាកូស បានបញ្ជាឱ្យបុគ្គលិករដ្ឋធ្វើការត្រឹម ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីសន្សំសំចៃថាមពល។

លោក Bahlil បានជំរុញឱ្យប្រជាជនឥណ្ឌូណេស៊ីកុំភ័យស្លន់ស្លោទិញប្រេងឥន្ធនៈស្តុកទុក ដោយធានាថា ទុនបម្រុងប្រេងឥន្ធនៈជាតិនៅតែមានគ្រប់គ្រាន់សម្រាប់រយៈពេល ២៣ ថ្ងៃទៀត។ លោកបានសង្កត់ធ្ងន់ថា តួលេខនេះមិនមែនជាសញ្ញានៃវិបត្តិផ្គត់ផ្គង់ទេ ប៉ុន្តែឆ្លុះបញ្ចាំងពីសមត្ថភាពផ្ទុកថាមពលក្នុងស្រុក។
ដើម្បីពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគម្រោងសាងសង់កន្លែងស្ដុកថ្មី ដែលមានសមត្ថភាពផ្ទុកប្រេងឥន្ធនៈបម្រុងរហូតដល់ ៣ ខែ។
