ស្របពេលពិភពលោកកំពុងជួបវិបត្តិឡើងថ្លៃប្រេងសាំងនិងទំនិញនានា ដោយសារតែផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាអួតអាងទៅវិញថា ពេលប្រេងឡើងថ្លៃ អាមេរិកជាអ្នកចំណេញកប់ក្តោង!

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះ សរសេរថា៖ «សហរដ្ឋអាមេរិក គឺជាអ្នកផលិតប្រេងដ៏ធំបំផុតនៅលើពិភពលោក ដែលលើសគេឆ្ងាយណាស់ ដូច្នេះពេលតម្លៃប្រេងឡើងថ្លៃ យើងរកលុយបានកប់ក្តោង»។
សំណេររបស់លោក ត្រាំ នេះ បែបចង់បញ្ជាក់ថា ទោះប្រេងសាំងឡើងថ្លៃ ក៏អាមេរិកមិនខាតដែរ ព្រោះក្រុមហ៊ុនប្រេងអាមេរិកលក់បានលុយច្រើន ផ្ទុយពីប្រទេសដែលមិនផលិតប្រេង ហើយស្របនឹងគោលនយោបាយរបស់លោកដែលគិតពីអាមេរិក ជាចម្បង។
យ៉ាងណា ដ្បិតមានការអួតអាងបែបនេះ ប៉ុន្តែការស្ទង់មតិសាធារណៈ បានបង្ហាញពីក្តីព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមប្រជាជនអាមេរិកអំពីតម្លៃទំនិញ។
សាររបស់លោកត្រាំ កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែលវិញកាលពីថ្ងៃព្រហស្បតិ៍ ហើយទីផ្សារភាគហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីកប៉ាល់ដឹកទំនិញ ៣ គ្រឿងបន្ថែមទៀត ត្រូវរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រ ហើយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្តេជ្ញាថា នឹងបន្តបិទផ្លូវនាវាចរណ៍ដ៏សំខាន់នៃច្រកសមុទ្រ Hormuz។
តម្លៃប្រេងនៅតែហក់ឡើង បើទោះបីជាទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) អះអាងថា ខ្លួននឹងបញ្ចេញប្រេងបម្រុងក្នុងកម្រិតកំណត់ត្រារហូតដល់ ៤០០ លានបារ៉ែល ដើម្បីព្យាយាមទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
