
ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសរបស់អង្គការណាតូ (NATO) នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកទី៣ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់តួកគី។ ព្រឹត្តិការណ៍នេះកើតឡើងនៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កំពុងកាន់តែខ្លាំងឡើង។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្រសួងការពារជាតិតួកគីបានលើកឡើងថា៖ «គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ចូលទៅក្នុងដែនអាកាសតួកគីត្រូវបានបំផ្លាញដោយឧបករណ៍ការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូដែលដាក់ពង្រាយនៅភាគខាងកើតមេឌីទែរ៉ាណេ»។

លោកស្រី Allison Hart អ្នកនាំពាក្យអង្គការណាតូបានអះអាងថា៖ «អង្គការណាតូនៅតែប្រុងប្រយ័ត្ន និងឈរយ៉ាងរឹងមាំក្នុងការការពារសម្ព័ន្ធមិត្តទាំងអស់»។
ប្រព័ន្ធការពារដែនអាកាសរបស់ណាតូបានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ដំបូងដែលបាញ់ទៅលើតួកគីនៅថ្ងៃទី០៤មីនា និងលើកទី២នៅថ្ងៃទី៩មីនា។ មីស៊ីលទី៣នេះបង្កើតជាការសាកល្បងថ្មីសម្រាប់សមាជិកណាតូគឺទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្ត។

ក្រសួងការពារជាតិតួកគីបានបន្តថា៖ «វិធានការចាំបាច់ទាំងអស់កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងគ្មានការស្ទាក់ស្ទើរប្រឆាំងនឹងការគំរាមកំហែងណាមួយដែលតម្រង់មកលើទឹកដី និងដែនអាកាសរបស់ប្រទេសយើងនោះទេ។ ការពិគ្រោះយោបល់កំពុងត្រូវបានធ្វើឡើងជាមួយប្រទេសពាក់ព័ន្ធ»។
អ៊ីរ៉ង់មិនទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗលើឧប្បត្តិហេតុចុងក្រោយនេះទេ ប៉ុន្តែក្រុងតេហេរ៉ង់បានបដិសេធថាមិនបានកំណត់គោលដៅដោយចេតនាទៅលើតួកគីនោះទេ។

ព័ត៌មាននេះត្រូវបានផ្សាយដោយ Al Jazeera នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
