ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារជាង ២ម៉ឺនកន្លែង ដែលកំពុងរង់ចាំអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ។

តាមការបង្ហាញពីក្រសួងការងារ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារសរុបចំនួន ២០,៧៧១ កន្លែង ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មជាច្រើន។ ឱកាសទាំងនេះត្រូវបានរៀបចំជាពិសេសសម្រាប់អតីតពលករដែលទើបត្រឡប់មកពីការងារនៅប្រទេសថៃ និងអ្នកស្វែងរកការងារទូទៅ។
ដើម្បីទទួលបានឱកាសការងារទាំងនេះ បងប្អូនអាចស្វែងរកព័ត៌មានលម្អិតអំពីលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យការងារតាមរយៈខិតបណ្ណការងារដែលក្រសួងការងារបានផ្សព្វផ្សាយ។

ក្រៅពីការទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ និងសហគ្រាស អ្នកស្វែងរកការងារអាចទាក់ទងតាមរយៈប្រព័ន្ធទំនាក់ទំនងបន្ទាន់លេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលការស្វែងរកការងារជូន។

ការផ្តល់ឱកាសការងារទាំងនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលទើបត្រឡប់មកពីការងារនៅប្រទេសថៃ ដើម្បីធានាបាននូវការងារនិងជីវភាពដ៏ល្អ។
ដោយ៖ តារា
