ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយព័ត៌មានថ្មីបំផុតអំពីស្ថានភាពពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដោយរាយការណ៍ថា មានពលរដ្ឋភៀសសឹក៩០នាក់បន្ថែមទៀតបានវិលត្រឡប់ទៅលំនៅឋានវិញហើយ។

ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ទោះជាយ៉ាងណា នៅមានពលរដ្ឋចំនួន៣៦,៩៩៦នាក់ទៀត (ស្រ្តី១៩,១៩៤នាក់ និងកុមារ១២,៧៦២នាក់) ដែលពុំទាន់អាចវិលទៅលំនៅឋានវិញបាន។
ក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សេវាសាធារណៈជាមូលដ្ឋាននៅតែផ្អាកនៅតាមខេត្តព្រំដែន៖
• ខេត្តឧត្តរមានជ័យ៖ សាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥
• ខេត្តបន្ទាយមានជ័យ៖ សាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១
• ខេត្តព្រះវិហារ៖ សាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា កម្ពុជាបានដាក់សំណើជាផ្លូវការចំនួន៥លើកទៅកាន់ភាគីថៃ ដើម្បីចាត់បញ្ជូនក្រុមការងារចម្រុះចុះវាស់វែងព្រំដែនលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានពន្យារពេលម្តងហើយម្តងទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ។
