
វៀតណាមបានផ្លាស់ប្តូរទីតាំងពាណិជ្ជកម្មយ៉ាងធំ ដោយក្លាយជាប្រទេសមានអតិរេកពាណិជ្ជកម្មធំជាងគេជាមួយសហរដ្ឋអាមេរិកនៅខែមករា ក្រោយវ៉ាដាច់ចិន និងម៉ិកស៊ិក។ ការរីកចម្រើននេះកើតឡើងទោះបីជាមានបញ្ហាពន្ធគយរបស់ប្រធានាធិបតីដូណាល់ ត្រាំក៏ដោយ។
ទិន្នន័យផ្លូវការពីរដ្ឋាភិបាលអាមេរិកបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិកបានកើនឡើងដល់ ១៩ ប៊ីលានដុល្លារក្នុងខែមករា ខ្ពស់ជាងតៃវ៉ាន់ ម៉ិកស៊ិក និងចិន។

ការនាំចេញរបស់វៀតណាមទៅអាមេរិកបានកើនឡើងដល់ ២០ ប៊ីលានដុល្លារ ដោយកើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការនាំចេញរបស់ចិនទៅអាមេរិកវិញបានធ្លាក់ចុះរហូតដល់ ៤៦%។
មន្ត្រីអាមេរិកបានបញ្ជាក់ថា វៀតណាមបានចរចាពាណិជ្ជកម្មជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ដោយសារតែគម្លាតពាណិជ្ជកម្មដ៏ធំ និងការមិនចុះសម្រុងគ្នាលើអត្រាពន្ធគយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិកបានកើនលើសចិនតាំងត្រីមាសទី២ឆ្នាំ២០២៥ ដោយបន្តឈរតែពីក្រោយម៉ិកស៊ិកប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២៥ទាំងមូល វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដល់ទៅ ១៧៨ ប៊ីលានដុល្លារ។
អ្នកវិភាគពាណិជ្ជកម្មបានកត់សម្គាល់ថា ការនាំចេញរបស់វៀតណាមទៅអាមេរិកបានហក់ឡើងខ្លាំង ចំពេលដែលពន្ធរបស់លោកត្រាំធ្វើឱ្យការនាំចេញរបស់ចិនធ្លាក់ចុះ។ ទោះជាយ៉ាងណា អាមេរិកនៅតែចោទប្រកាន់ថា វៀតណាមគឺជាមូលដ្ឋានឆ្លងកាត់ទំនិញរបស់ចិនទៅសហរដ្ឋអាមេរិក។
