
តម្លៃប្រេងអន្តរជាតិបានបិទការជួញដូរនៅថ្ងៃសុក្រកន្លងមកនេះខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការបន្តបិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់នៃពិភពលោក។
តម្លៃប្រេងឆៅម៉ាក Brent សម្រាប់កុងត្រាខែឧសភា បានកើនឡើង ២,៦៨ ដុល្លារ ឬ ២,៦៧% ដល់ ១០៣,១៤ ដុល្លារ/បារ៉ែល នៅថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍។ ចំណែកតម្លៃប្រេងអាមេរិកម៉ាក West Texas Intermediate (WTI) សម្រាប់កុងត្រាខែមេសា បានកើនឡើង ២,៩៨ ដុល្លារ ឬ ៣,១១% ដល់ ៩៨,៧១ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ១១,២៧% ហើយ WTI បានកើនឡើង ៨% ធៀបនឹងតម្លៃបិទការជួញដូរកាលពីសប្ដាហ៍មុន។ ការកើនឡើងនេះកើតឡើងក្រោយពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបណ្ដាលឱ្យច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង ២០% នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ត្រូវបានកាត់ផ្ដាច់។
តម្លៃប្រេងបានហក់ឡើងជាបន្តបន្ទាប់ ទោះបីជាមានចំណាត់ការផ្សេងៗពីសហរដ្ឋអាមេរិក ដែលដកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ីរយៈពេល ៣០ ថ្ងៃ និងការព្រមព្រៀងរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក្នុងការបញ្ចេញប្រេងពីក្នុងស្តុកបម្រុងប្រមាណ ៤០០ លានបារ៉ែល ក៏ដោយ។

