រាជធានីភ្នំពេញ – ក្រសួងពាណិជ្ជកម្មបានប្រកាសកាត់បន្ថយតម្លៃប្រេងឥន្ធនៈជាថ្មីម្តងទៀត ដែលនឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានឹងមានការកែសម្រួលដូចខាងក្រោម៖
ប្រេងសាំងធម្មតា (Gasoline 92) នឹងលក់ក្នុងតម្លៃ ៥,២០០ រៀល/លីត្រ
ប្រេងម៉ាស៊ូត (Gasoil 10ppm) នឹងលក់ក្នុងតម្លៃ ៦,៤០០ រៀល/លីត្រ

ការកែសម្រួលតម្លៃនេះធ្វើឡើងយោងតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងរួមគ្នារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា។
រាជរដ្ឋាភិបាលបានបន្តគោលនយោបាយបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥ សេនដុល្លារ/លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងបញ្ចុះបន្ថែមទៀត ១ សេនដុល្លារ/លីត្រ ដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ ដុល្លារ/បារ៉ែល។

ការកែសម្រួលតម្លៃនេះធ្វើឡើងយោងតាមប្រកាសអន្តរក្រសួងលេខ ០០៨៣ ពណ.អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
ការកែសម្រួលតម្លៃនេះជាផ្នែកមួយនៃការតាមដានការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបាននូវតម្លៃដែលសមស្រប និងជួយសម្រួលដល់អ្នកប្រើប្រាស់។
