ភ្នំពេញ៖ សមត្ថកិច្ចនគរបាលគោលដៅបានធ្វើប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្តនៅតាមផ្លូវក្រវាត់ក្រុងទី៣ (ស៊ីជិនពីង) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញរថយន្តល្មើសច្បាប់ចំនួនជាង១២៦គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ស ថេត ដែលបានបញ្ជាឱ្យបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រុមល្បាតចល័តចំនួន២ក្រុមពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានពិនិត្យរថយន្តសរុប១៣៥គ្រឿង។

លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់ស្លាកលេខត្រឹមត្រូវ។ លោកបានពន្យល់ថា៖ “អ្នកប្រើប្រាស់ស្លាកលេខ(ន.ប)ដែលពុំមានក្នុងទិន្នន័យ គួរដោះចេញភ្លាមៗ និងទៅរកស្លាកលេខឱ្យបានត្រឹមត្រូវ។”

ក្រៅពីការរកឃើញរថយន្តល្មើស សមត្ថកិច្ចក៏បានរកឃើញរថយន្តដែលបំពាក់ស្លាកលេខមិនប្រក្រតីចំនួន៤គ្រឿង និងបានអប់រំអ្នកបើកបរយានយន្តចំនួន៩នាក់។ ក្រុមល្បាតចល័តទាំងពីរក្រុមបានធ្វើការត្រួតពិនិត្យនៅតាមចំណុចផ្សេងៗ ដោយក្រុមទី១ដាក់គោលដៅនៅមហាវិថីវិមានឈ្នះ ឈ្នះ និងក្រុមទី២នៅតាមផ្លូវក្រវាត់ក្រុងទី៣។
