រុស្ស៊ីបាញ់មីស៊ីលព្រមានណាតូ ក្នុងពេលសមយុទ្ធយោធាធំជាង៣ម៉ឺននាក់កំពុងធ្វើការ

រុស្ស៊ីបាញ់មីស៊ីលព្រមានណាតូ ក្នុងពេលសមយុទ្ធយោធាធំជាង៣ម៉ឺននាក់កំពុងធ្វើការ

ប្រទេសរុស្ស៊ីបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដោយបាញ់មីស៊ីលឆ្លើយតបនៅតំបន់សមុទ្រ Barents ដែលលាតសន្ធឹងតាមបណ្តោយព្រំដែនសមុទ្ររវាងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រុស្ស៊ី និងប្រទេសន័រវេសភាគខាងជើង។ សកម្មភាពនេះកើតឡើងក្នុងពេលដែលកងទ័ពនៃសម្ព័ន្ធមិត្តណាតូកំពុងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅចន្លោះប្រទេសហ្វាំងឡង់ និងន័រវេស។

សមយុទ្ធយោធាណាតូ

យោងតាមសារព័ត៌មាន BelsatEnglish ដែលផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ការព្រមានរបស់រុស្ស៊ីធ្វើឡើងបន្ទាប់ពីអង្គការណាតូ (NATO) កំពុងធ្វើសមយុទ្ធយោធា Cold Response 26 ដែលបានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ខែមីនា នៅភាគខាងជើងប្រទេសហ្វាំងឡង់ ន័រវេស និងស៊ុយអែត។

មហាអំណាចនុយក្លេអ៊ែររុស្ស៊ី ដែលបានធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំមកនេះ តែងតែជំទាស់ទៅនឹងការពង្រីកខ្លួនរបស់អង្គការណាតូ និងយល់ថា អង្គការណាតូជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។

ទំនាក់ទំនងរុស្ស៊ី-ណាតូ

ក្នុងលំហាត់សមយុទ្ធយោធា Cold Response 26 របស់អង្គការណាតូនេះ កងទ័ពជាង ៣០,០០០ នាក់ មកពី១៤ប្រទេសផ្សេងៗគ្នាជាសមាជិកណាតូ កំពុងចូលរួមក្នុងសមយុទ្ធនេះ ដោយអនុវត្តការការពារផ្នែកខាងជើងរបស់អង្គការណាតូក្នុងលក្ខខណ្ឌរដូវរងា។

មិនតែប៉ុណ្ណោះ យន្តហោះឈ្លបយកការណ៍ម៉ាក Il-20M របស់រុស្ស៊ីមួយគ្រឿងហោះចេញពីមូលដ្ឋានទ័ពអាកាស Severomorsk-1 ឆ្ពោះទៅដល់ដែនទឹកជុំវិញកោះ Lofoten ក្នុងសមុទ្រន័រវេសកាលពីថ្ងៃពុធ។ តំបន់នោះគឺជាទីតាំងមួយសម្រាប់សមយុទ្ធនារដូវត្រជាក់របស់អង្គការណាតូ។

យន្តហោះឈ្លបរុស្ស៊ី

សកម្មភាពទាំងនេះបង្ហាញពីការតានតឹងដែលកំពុងកើនឡើងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តណាតូ ជាពិសេសនៅតំបន់អាកទិក ដែលកំពុងក្លាយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងពិភពលោក។

administrator

Related Articles