រាជធានីភ្នំពេញ៖ ស្ត្រី៣នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនៅព្រឹកថ្ងៃទី១៣ ខេមីនា ឆ្នាំ២០២៦ នៅលើមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង)។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីជិតភ្លឺ នៅត្រង់ចំណុចផ្លូវកោង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៍ក្រហម លេខភ្នំពេញ 1LF-1164 ដោយឌុបគ្នាក្នុងល្បឿនលឿន។

អ្នកដើរហាត់ប្រាណដែលធ្លាប់ឃើញនារីទាំង៣នាក់មុនកើតហេតុបានបញ្ជាក់ថា ពួកគាត់ឃើញនារីទាំងនោះជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមមហាវិថីចោមចៅក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿនល្បឿន។ លុះពេលទៅដល់ត្រង់ចំណុចផ្លូវកោងបត់មិនទាន់ ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង រួចខ្ទាតផ្លោងទៅបោកផ្ទប់បង្គោលផ្ទាំងស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម។

បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង២នាក់ ចំណែកឯម្នាក់ទៀតរបួសធ្ងន់។ ស្ត្រីដែលរងរបួសត្រូវបានក្រុមរុករកនិងសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក នាងក៏បានស្លាប់នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល។

ស្ត្រីទាំង៣នាក់នោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះមានម្នាក់តែងខ្លួនជាប្រុស។ សាកសពពួកនាងត្រូវបាននគរបាលនាំយកទៅតម្កលទុកនៅឈានដ្ឋានវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ។

នគរបាលខណ្ឌពោធិ៍សែនជ័យបាននាំយកម៉ូតូរបស់ពួកនាងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវបន្ថែម។

គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឱ្យអ្នកស្រុកក្នុងតំបន់ព្រួយបារម្ភយ៉ាងខ្លាំង ហើយជាការរំលឹកដល់អ្នកបើកបរទាំងឡាយឱ្យប្រុងប្រយ័ត្នក្នុងការបើកបរជាពិសេសនៅតាមផ្លូវកោង។

អត្ថបទសរសេរដោយ យន់ ស៊ីថា និង យឹម ឈឿន
កែសម្រួលដោយ ធីតា

