
មេដឹកនាំហេសបូឡា លោក Naim Qassem បានប្រកាសកាលពីថ្ងៃសុក្រទី១៣ មីនា ថាក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សមរភូមិដ៏វែងឆ្ងាយជាមួយអ៊ីស្រាអែល ខណៈដែលទីក្រុងយេរូសាឡឹមគំរាមនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលីបង់កាន់តែខ្លាំង។

យោងតាម CNN លោក Qassem បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងបានរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដ៏យូរអង្វែង ហើយប្រសិនបើព្រះជាម្ចាស់អនុញ្ញាត ពួកគេនឹងភ្ញាក់ផ្អើលនៅលើសមរភូមិជាក់ជាមិនខាន នេះគឺជាសមរភូមិអត្ថិភាពមិនមែនសាមញ្ញទេ»។
អ៊ីស្រាអែលបានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Litani រវាងទីក្រុង Zrariyeh និង Tayr Falsay ដែលជាចំណុចឆ្លងកាត់សំខាន់សម្រាប់ហេសបូឡា។ នេះជាការវាយលើកដំបូងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈលីបង់តាំងពីចាប់ផ្ដើមសង្គ្រាម។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថា៖ «នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ លីបង់នឹងរងការខូចខាតខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធរហូតដល់ដកហូតអាវុធពីហេសបូឡា»។
ប្រធានាធិបតីលីបង់ លោក Joseph Aoun បានស្នើចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ប៉ុន្តែមិនទាន់ទទួលការឆ្លើយតប។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានព្រមានថា លីបង់កំពុងលេងជាមួយភ្លើងប្រសិនបើបន្តអនុញ្ញាតឲ្យហេសបូឡាដំណើរការ។

លីបង់ត្រូវបានអូសទាញចូលសង្គ្រាមកាលពីសប្ដាហ៍មុន នៅពេលក្រុមសកម្មដែលគាំទ្រដោយតេហេរ៉ង់វាយប្រហារអ៊ីស្រាអែលឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំអ៊ីរ៉ង់។
